ព្រះពុទ្ធសាសនានិងតំលៃសីលធម៌របស់ស្វាមីភរិយា

សុភមង្គលនៃជីវិតគូស្វាមីភរិយា តាមទស្សនៈពុទ្ធសាសនា គឺស្ថិតនៅលើសេចក្តីសុខនៅក្នុងគ្រួសាររបស់ខ្លួន ដែលហៅថា សុខកាយ សប្បាយចិត្ត ។ សុខកាយ គឺការដែលមិនមានជម្ងឺតម្កាត់ផ្សេងៗ រាងកាយរឹងមាំ អវៈយវៈ ទាំងអស់មានសុខភាពមាំមួន ធើ្វការ ងារបានគ្រប់យ៉ាងទាំងអស់។ សុខកាយម្យ៉ាងទៀតគឺការដែល មានបច្ច័យ៤ គ្រប់គ្រាន់ គឺមានម្ហូបអាហារត្រឹមត្រូវតាមក្បួន អនាម័យ មានសំលៀកបំពាក់ មានផ្ទះសំបែងនិង មានថ្នាំសំរាប់ ព្យាបាលជម្ងឺ។ សេចក្តីសុខខាងកាយនេះ ជាសេចក្តីសុខដែលគេ ស្គាល់គ្រប់គ្នាហើយដែលគ្រួ សារ នីមួយៗ តែង ប្រាថ្នា។​ តែសេចក្តីសុខប្រភេទនេះមិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់ សុភមង្គលទេ។ ហេតុបានជា ដូចេ្នះ ព្រោះថា បើគ្រួសារ(ស្វាមីភរិយា) នោះមានបច្ច័យ ៤ គ្រប់គ្រាន់មែនតែអ្នកជា មនុស្សដែល ខ្វះសីលធម៌ ខ្វះ ការកក់ក្តៅក្នុងក្រុមគ្រួសារ ប្តីប្រពន្ធកូនប្រព្រឹត្តតែអំពើអបាយមុខដែលលោក ហៅ ថា ឆ្កួតស្រា ឆ្កួតស្រី ឆ្កួតល្បែង ពាលា... នោះជីវិតស្វាមីភរិយានឹងមិនមានសេចក្តីសុខឡើយ។
អ្នកមានទ្រព្យច្រើន តែជួនកាលអ្នកមិនមានសេចក្តីសុខ ដេកលក់ស្រួលស្មើនឹងជីវិតគូស្វាមីភរិយាខ្លះដែលក្រ ទ្រព្យសម្បត្តិតែចេះ ស្រលាញ់គ្នាល្អូកល្អឺន រស់នៅជាមួយគ្នាក្នុងសុខដុមភាពឡើយ។​ ដូច្នេះ សេចក្តីសុខខាង ផ្លូវចិត្តទើបជា​សេចក្តីសុខដែលសំរាប់បន្ថែម ទៅលើសេចក្តីសុខខាងផ្លូវកាយ ដើម្បីឲ្យសុភមង្គលខាងជីវិតគូស្វាមី ភរិយាមានតុល្យភាព។
អត្ថបទតទៅនេះ គឺជាកម្រងទស្សនៈពុទ្ធសាសនា ដែលបានដកស្រង់យកអន្លើខ្លះពីគម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើខ្លះទៀត​ពីសៀវភៅ «ជីវិតអពាហ៌ពិពាហ៌» របស់លោកធម្មបណ្ឌិត ហេង មណីចិន្តា និងពីច្បាប់ផ្សេងៗ មក រៀបរៀង និងពន្យល់សេចក្តី​ទុកជាគតិ ណើរលើវិថីជីវិតដែលសែនលំបាក។ តម្លៃសីលធម៌ចំពោះស្វាមីភរិយា មានអ្វីខ្លះដែលគួរសិក្សា និងអនុវត្ត?
I. នាទី និងសីលធម៌ស្វាមី ចំពោះភរិយា
ភរិយា, តាមអត្ថន័យ, គឺស្ត្រីដែលស្វាមីត្រូវចិញ្ចឹម, ត្រូវអនុគ្រោះ។ ការអនុគ្រោះរបស់ស្វាមីចំពោះភរិយា លោក បានចែកធម្មៈ ៥ប្រការ សំរាប់អនុវត្តគឺៈ
១‍. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ផ្អែមល្ហែមទៅកាន់ភរិយា, មិនប្រើពាក្យសំដីគ្រោតគ្រាតទៅកាន់ភរិយា។
២. មិនបៀតបៀន, មិនមើលងាយមើលថោកភរិយា ។
៣. មិនប្រព្រឹត្តកន្លងចិត្តភរិយា (មិនក្បត់ភរិយា) ។
៤. ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះ អោយទៅភរិយាកាន់កាប់។
៥. ផ្គត់ផ្គង់សំលៀកបំពាក់ គ្រឿងអលង្ការសមគួរដល់ភរិយា។
ស្វាមីក៏ត្រូវយល់ដឹង និងជួយរំលែកសេចក្តីទុក្ខសំបាករបស់ភរិយា ក្នុងឋានៈជាស្រី និងជាភេទទន់ខ្សោយ គឺៈ​ ទុក្ខខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលមានគភ៌ មិនអាចប្រើឥរិយាបទទាំង៤ (ដេក ដើរ ឈរ អង្គុយ) និងប្រកបកិច្ច ការបានស្រួល, ទុក្ខនៅពេល ឆ្លងទន្លេប្រសូតបុត្រ...។
II. នាទី និងសីលធម៌ភរិយា ចំពោះស្វាមី
.ក) ក្នុងឋានៈជាភរិយា
គប្បីយល់ដឹងសីលធម៌ ៥ ប្រការ សំរាប់អនុវត្តចំពោះស្វាមីខ្លួន គឺៈ
១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយ ស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាត អោយ សំអាតសំអាងជា ទើបទេវតារក្សា ចំរើនសុខស្រីសួស្តី» ។
២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារកិច្ចចំពោះបុគ្គល ដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។
៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ចាស់ត្រូវជួសជុល ប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ ។
ត្រង់នាទី ទី៣ នេះ នារីជាភរិយាត្រូវចងចាំពាក្យបុរាណថាៈ
« ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ចាស់ទុំបូរាណ បានពោលបញ្ជាក់ អោយនាងអោយអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ (សាមញ្ញ) ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចំរើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ » ។ « ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា » ។
៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាននាទីជា « មេផ្ទះ, មេកិច្ចការជាធំ​ក្នុងគ្រួសារ» ។​

.ខ) របៀបរស់នៅរបស់ស្ត្រី (១)

នារីពេលមានស្វាមីគប្បីចងចាំគឺៈ
១) ភ្លើងក្នុងកុំនាំចេញក្រៅ,
២) ភ្លើងក្រៅកុំនាំចូលក្នុង,
៣) ត្រូវអោយបុគ្គលដែលអោយ,
៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ,
៥) ត្រូវអោយដល់បុគ្គលដែលអោយក្តីមិនអោយក្តី,
៦) ត្រូវអង្គុយដោយស្រួលបួល,
៧) ត្រូវបរិភោគដោយស្រួលបួល,
៨) ត្រូវដេកដោយស្រួលបួល,
៩) ត្រូវបូជាភ្លើង ឬបំរើភ្លើង,
១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ។

សេចក្តីពន្យល់ៈ
​១) ភ្លើងក្នុងកុំនាំចេញក្រៅ ។ មានន័យថា រឿងរ៉ាវណាដែលសៅហ្មងក្តៅក្រហាយ មិនល្អ អាក្រក់ ដែលជារឿង ផ្ទៃក្នុងរបស់ក្រុមគ្រួសារខ្លួន, មាតាបិតាខ្លួន មិនត្រូវនាំចេញទៅផ្សាយ ដើរប្រាប់គេប្រាប់ឯង ដោយហោចទៅសូម្បី តែសាច់ញាតិខ្លួនឡើយ។
២) ភ្លើងក្រៅកុំនាំចូលក្នុង ។ មានន័យថា រឿងណាដែលមិនល្អ មិនមានប្រយោជន៌ ជារឿងក្តៅក្រហាយ ហើយ មិនទាក់ទងនឹងសាច់រឿងរបស់ខ្លួនទេ មិនគប្បីនាំចូលមកក្នុងផ្ទះ អោយក្រុមគ្រួសារបានទទួលការក្តៅក្រហាយផង ដែរនោះទេ។​ ទោះជារឿង ក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៎ឈ្មោះ និងផលប្រយោជន៍របស់គ្រួសារ ឬស្វាមី ខ្លួនក្តី ក៏ត្រូវរកឱកាសនិយាយដែរដើម្បីកុំឲ្យក្តៅទាំងរឿងក្តៅទាំងមនុស្សទៀត ។ មានភរិយាខ្លះ ឃើញស្វាមីមកពី ធើ្វ ការហត់នឿយ ឬមានរឿងមុខមិនស្រួលមកដល់ផ្ទះមិនទាន់ទាំងដាក់គូថអង្គុយផង ក៏ស្រាប់តែនាំយករឿង អាក្រក់រឿងក្តៅក្រហាយទៅពិតទូលបញ្ឆេះ ធ្វើឲ្យស្វាមីដែលកំពុងស្រួលៗ នោះ ក្តៅក្រហាយឆេះភ្លាមមួយរំពេច ។ ប្រការនេះនាងជាភរិយាគួរយល់ដឹង ។
៣) ត្រូវអោយបុគ្គលដែលអោយ ។ មានអ្នកមកខ្ចីទ្រព្យបើជឿទុកចិត្តថានឹងសងវិញ សឹមអោយខ្ចី ។
៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ ។ បើមានអ្នកមកខ្ចីទ្រព្យនោះ មិនគួរទុកចិត្តថាសងវិញទេ មិនត្រូវ អោយខ្ចីទេ ។ បើអោយខ្ចីត្រូវគិតថា របស់នោះទុកដូចជាបោះចោលទៅក្នុងទឹកទន្លេ ។
៥) ត្រូវអោយដល់បុគ្គលដែលអោយក្តី មិនអោយក្តី ។ ត្រូវតែអោយដោយសង្ឃឹមថាសងវិញ ឬមិនសងវិញ ដូច ជាបងប្អូនដែលយើងត្រូវតែជួយដោះទុក្ខធុរៈ មួយទៀតបានដល់ការដាក់ទានដល់ស្មូមយាចក រួមទាំងការធ្វើបុណ្យ ទាន ដែលត្រូវធ្វើជា ប្រពៃណី របស់យើង ។
៦) ត្រូវអង្គុយដោយស្រួលបួល ។ ត្រូវអង្គុយដឹងខ្ពស់ដឹងទាប,​ អង្គុយប្រយ័ត្នប្រយែង មិនច្រងេងច្រងាង យះដៃយះជើង... ។
៧) ត្រូវបរិភោគដោយស្រួលបួល ។ ត្រូវមានសុជីវធម៌ក្នុងការបរិភោគអាហារ គឺបរិភោគអោយដឹងមុនក្រោយ បរិភោគជាមួយ អ្នកណា ពេលណាគួរបរិភោគ...។
៨) ត្រូវដេកដោយស្រួលបួល ។ គឺការរៀបចំដំណេកអោយបានសមរម្យស្រួលបួលរួមទាំងការត្រៀមវត្ថុចាំបាច់ ខ្លះពេលចូលដេកកុំឲ្យពិបាកងើបដើរឆ្ងាយទៅយក ។ ទំនៀមខ្មែរពីដើម មុនដេកភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ ចុងជើង ។ ក្នុងរឿងសិរី ៣ ប្រការ របស់ធម្មបាលមាណព ដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បាន អធិប្បាយថាៈ ពេលព្រឹកសិរីនៅមុខ ដូច្នេះត្រូវលុបមុខ, ពេលថ្ងៃសិរីនៅទ្រូង ត្រូវលាបស្រឡាបដើមទ្រូង, ពេលល្ងាចសិរីនៅជើង ត្រូវលាង ជើងមុនពេលចូលដេក​ ។ ម្យ៉ាងទៀតៈ
= មិនត្រូវកន្លងជើងប្តី ឬខ្លួនប្តី ព្រោះខ្មែរប្រកាន់ថា ប្រុសៗមានគ្រូបាធ្យាយកំណើតកាន់ ឬបើប្តីជាអ្នករៀន មន្តអាគម ក៏នឹងសាបអស់។
= ត្រូវដេកនៅខាងឆ្វេងស្វាមី ឯក្បាលដំណេក គួរដាក់នៅទិសខាងត្បូង ព្រោះ « ត្បូង » ប្រែថាក្បាល ។
= គួរមើលឲ្យបានច្បាស់ពេលដេក មិនត្រូវបែរជើងទៅរកស្វាមី មាតាបិតា ឬព្រះពុទ្ធរូបទេ ព្រោះដូចជាយើង យកជើង ទៅធាក់លោកអញ្ចឹង ។
= ត្រូវដេកប្រយ័ត្នប្រយែង ក្រែងលេចកេរ្តិ៍ខ្មាស់ ឬពេលងើបពីដេករបូតសំពត់ជាដើម ។ ខ្មែរមានទំនៀមថា « ប្រពន្ធត្រូវ ដេកក្រោយប្តី និងភ្ញាក់មុនប្តី » ព្រោះលោកយល់ថា ប្តីធ្វើការនឿយហត់ពីថ្ងៃ ហើយឯប្រពន្ធនៅផ្ទះ ដូច្នេះត្រូវមើលខុសត្រូវ រៀបចំទុកដាក់ចានក្បានឲ្យហើយ, មើលទ្វារបង្អួចក្រែងបិទមិនជិត, មើលភ្លើងក្រែងរាល ឆេះ ។ល។ លុះភ្ញាក់ត្រូវភ្ញាក់មុន ព្រោះម្យ៉ាង ដើម្បីកុំឲ្យឃើញសភាពមិនរៀបរយរបស់សំពត់ខោអាវពេលដេក និងរៀបចំអាហារពេលព្រឹកសំរាប់ស្វាមីផង ព្រមទាំងបោសច្រាសផ្ទះសំបែងឲ្យបានស្អាតបាតស្រេចបាច់ ហើយ ម្យ៉ាងទៀត ក៏មិនគប្បីដេកកណ្តាលវាលដែរ ត្រូវមានអ្វីបិទបាំង ឬជាទីកំបាំងភ្នែកអ្នកផង ។
៩) ត្រូវបូជាភ្លើង ឬបំរើភ្លើង ។ ក្នុងទីនេះបានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៌ ថ្នាក់ថ្នមរួមទាំងការ បំពេញសេចក្តីត្រូវការខាងភេទផងដែរ ។ ភ្លើងនេះបើយើងបូជា ឬបំ់រើមិនល្អ វានឹងអាចរលាក ឬឆេះដល់នាងជា ភរិយាពិតប្រាកដ ។

១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ។ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្តី របស់ស្វាមីក្តី ដែលយើងនៅ​ជាមួយ, និងមួយទៀត បានដល់គ្រឿងសក្ការបូជាក្នុងផ្ទះដែលយើងជឿគោរពបូជា ។ ការបំរើមាតាបិតា ការគោរព ប្រណិប័តន៍លោក ថ្វាយបង្គំលោក រមែងបាននូវអានិសង្សនិងសេចក្តីសុខជាពន់ប្រមាណ ព្រោះព្រះសម្មាសម្ពុទ្ធ​លោកបានមានពុទ្ធដីកាថាៈ មាតាបិតាជាព្រះព្រហ្មរបស់កូនផង ជាទេវតាដើមផង ជាគ្រូផង និងជាអហុនេយ្យបុគ្គល របស់កូនផង កូនណាគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះមិនដាច់ ។

ក្រៅពីឱវាទទាំង ១០ នេះ នៅមានឱវាទផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងជាពាក្យទូន្មានចំពោះស្ត្រីដែលនឹង ត្រូវមានស្វាមី ។ ជាពិសេស នៅក្នុងរឿងវិធូរបណ្ឌិតជាតក នៅពេលដែលនាងវិមលា ដែលជាមហេសីស្តេចនាគ ផ្តាំ ដល់បុត្រី គឺនាងឥរន្ទវតី មុននឹងធ្វើដំណើរទៅជាមួយស្វាមី​គឺបុណ្ណកយក្ស ។ អ្នកប្រាជ្ញបណ្ឌិតយើងបានរៀបរៀង តែងពាក្យកាព្យឡើង ឈ្មោះថា « ច្បាប់ស្រី » មានលំនាំជាបទភុជង្គលីលា ដែលខ្មែរយើងនិយមអោយកូនស្រី ទន្ទេញណាស់ ។​

ដំណើររួមរស់នៃស្វាមីភរិយា មិនមែនសំរាប់តែសេចក្តីសុខស្រួល ទាំងផ្លួវកាយទាំងផ្លូវចិត្តនៅក្នុងផ្ទះមួយជាមួយ គ្នាប៉ុណ្ណោះទេ ។ គូស្វាមីភរិយា ត្រូវចេះឆ្លៀតទាញយកប្រយោជន៍អំពីភាពស្និទ្ធស្នាលនៃការរួមរស់ជាមួយគ្នានេះ ជួយ ណែនាំ រំលឹកដាស់តឿនគ្នាឲ្យបណ្តុះចិត្តគំនិតមានជំនឿក្នុងព្រះសាសនា, ឲ្យចេះប្រយ័ត្ន មិនបណ្តោយឲ្យ ធ្លាក់លង់ទៅក្នុងអបាយមុខណាមួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការសេពគប់រកមនុស្សអាក្រក់ជាមិត្ត ជាដើមដែល ជាហេតុ នាំឲ្យវិនាសទាំងទ្រព្យ ទាំងខ្លួនប្រាណ ។

មានស្វាមីភរិយាចំណាស់មួយគូ ដែលជាប់ឈ្មោះថាជាស្វាមីភរិយាឧត្តមបានទៅថ្វាយបង្គំព្រះពុទ្ធ ហើយទូលសួរ ថាៈ បពិត្រពះអង្គដ៏ចំរើន យើងខ្ញុំព្រះករុណាបានគ្នាជាប្តីប្រពន្ធ ក្រោយពេលដែលបានស្គាល់គ្នាតាំងពីនៅក្មេងៗ ដូច គ្នា ហើយយើងខ្ញុំស្គាល់តែសេចក្តីសុខពុំដែលមានរឿងហេតុមោះហ្មងអ្វីនឹងគ្នាម្តងណាទេ។ សូមព្រះអង្គមេត្តា ពន្យល់ប្រាប់យើងខ្ញុំផង ថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអាចនឹងបានជួបគ្នាទៀតនៅជាតិក្រោយ ។
ព្រះពុទ្ធទ្រង់ត្រាស់តបប្រកបដោយគតិបណ្ឌិតថាៈ បើអ្នកទាំងពីរមានជំនឿសាសនាដូចគ្នាបេះបិទ (សមសទ្ធា),​ បើអ្នកទាំងពីរទទួលយកសេចក្តីទូន្មានព្រះសាសនាតាមរបៀបដូចគ្នាបេះបិទ (សមសីលា), បើអ្នកទាំងពីរសាង កុសលទានដូចគ្នា (សមចាគា), បើអ្នកទាំងពីរមានការសិក្សាអប់រំ និងវៃឆ្លាតប្រហាក់ប្រហែលគ្នា (សមបញ្ញា)... ទៅជាតិក្រោយទៀត អ្នកទាំងពីរនឹងបានប្រកបដោយចិត្តដូចគ្នាទៀត ពោលគឺ នឹងអាចជួបគ្នាគ្រប់ៗជាតិជាមិន ខាន។

ដកស្រង់រៀបរៀងនិងនិពន្ធដោយលោក

ឱម ខែម​
(១) ឱវាទ ១០ យ៉ាងរបស់ធនញ្ជ័យសេដ្ឋី ដែលផ្តាំចំពោះនាងវិសាខា នៅពេលដែលធ្វើដំណើរទៅនៅខាងស្វាមីនាង, ជាឱវាទ ទាក់ទងទៅនឹងចរិយារបស់ភរិយា, សូមនាំមកចុះជាគតិជូនព្រោះជារបស់មានសារៈសំខាន់ ហើយក៏ជាទីនិយមបំផុតនៃវប្បធម៌ និងអរិយធម៌ខ្មែរ។​ សូចចុចទីនេះដើម្បីអានអត្ថបទផ្សេងទៀត

Facebook Comment

_______________________